វិស័យពាណិជ្ជកម្ម

អឺរ៉ុប និង ចិន បើកកិច្ចចរចា៣ខែ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ខណៈឱនភាពពាណិជ្ជកម្មកើនលើស ៤១០ពាន់លានដុល្លារ


សហភាពអឺរ៉ុប និងចិន បានព្រមព្រៀងបើកកិច្ចចរចាយ៉ាងស៊ីជម្រៅរយៈពេល៣ខែ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងទប់ស្កាត់ជម្លោះសេដ្ឋកិច្ចដែលកំពុងកើនឡើង។ កិច្ចចរចានេះផ្តោតលើការដោះស្រាយឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំដ៏ធំសម្បើមរបស់សហភាពអឺរ៉ុប ដែលមានទំហំជាង៤១០ពាន់លានដុល្លារអាម៉េរិក ដោយសារការនាំចូលទំនិញពីប្រទេសចិន មានច្រើនលើសលប់ជាងឆ្ងាយ បើធៀបនឹងការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារចិន។ នេះបើយោងតាមការចុះផ្សាយរបស់ The Guardian។
អឺរ៉ុប និង ចិន
ដោយ

សហភាពអឺរ៉ុប និងចិន បានព្រមព្រៀងបើកកិច្ចចរចារយៈពេល៣ខែ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ខណៈឱនភាពពាណិជ្ជកម្មកើនលើស ៤១០ពាន់លានដុល្លារ។ ការចុះកិ្ចចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មបានកើនឡើងជាបន្តបន្ទាប់ ដោយសារអឺរ៉ុប កាន់តែព្រួយបារម្ភចំពោះការហូរចូលយ៉ាងគំហុក នៃទំនិញថោកៗផលិតនៅប្រទេសចិន ដែលកំពុងដាក់សម្ពាធលើឧស្សាហកម្មក្នុងតំបន់អឺរ៉ុប។

លោក ម៉ាកូស សេហ្វកូវិក (Maros Sefcovic) ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានបញ្ជាក់ថា កិច្ចចរចារយៈពេល៣ខែនេះមានគោលដៅសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងនៅខែតុលា ឆ្នាំនេះ។ លោក បានសង្កត់ធ្ងន់ថា ការចូលរួមចរចាជាមួយចិន គឺជារឿងចាំបាច់ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរត្រូវតែមានភាពស្មើភាព និងមានតុល្យភាពជាងមុន។

ក្រោមក្របខណ្ឌចរចានេះ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហារសើបជាច្រើនរួមមានការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម ការគ្រប់គ្រងការនាំចេញវត្ថុធាតុដើមសំខាន់ៗដូចជារ៉ែកម្រ ការការពារកម្មសិទ្ធិបញ្ញា និងការជំរុញកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសកល ក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ទន្ទឹមនេះមន្ត្រីសហភាពអឺរ៉ុបបានព្រមានថា បច្ចុប្បន្នការនាំចេញរបស់ចិនលើសការនាំចូលរហូតដល់ទៅជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃ ដែលកំពុងបង្កការព្រួយបារម្ភថា អឺរ៉ុបអាចប្រឈមនូវអ្វីដែលអ្នកវិភាគហៅថា រលកថ្មីនៃទំនិញចិន ដែលអាចគំរាមកំហែងដល់ឧស្សាហកម្ម ក្រុមហ៊ុន និងការងាររាប់លានកន្លែងនៅអឺរ៉ុប។

ដើម្បីទប់ស្កាត់ហានិភ័យនេះ ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើតប្រព័ន្ធត្រួតពិនិត្យរួមមួយសម្រាប់តាមដានការកើនឡើងខុសប្រក្រតី នៃរំហូរពាណិជ្ជកម្ម។ ប្រសិនបើទិន្នន័យឈានដល់កម្រិតប្រកាសអាសន្ន ប្រព័ន្ធនេះនឹងអាចជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយជាបន្ទាន់ ដើម្បីបញ្ចៀសការផ្ទុះជម្លោះពាណិជ្ជកម្ម។

ទោះបីជាវិធានការដំឡើងពន្ធគយរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន មិនទាន់អាចទប់ស្កាត់ការនាំចូលបានតាមការរំពឹងទុកក៏ដោយ ក៏មន្ត្រីអឺរ៉ុបបានបញ្ជាក់ថា ប្រសិនបើកិច្ចចរចា៣ខែនេះបរាជ័យ សហភាពអឺរ៉ុបអាចនឹងដាក់ចេញវិធានការពាណិជ្ជកម្មដ៏តឹងរ៉ឹងជាងមុននៅចុងឆ្នាំនេះ ដែលអាចនឹងធ្វើឱ្យភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកាន់តែឡើងកម្ដៅ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិនិយោគិនអន្តរជាតិ ចាប់ផ្តើមរារែកចិត្តនឹងចិន និងឥណ្ឌា ហើយកំពុងបាញ់ក្រសែភ្នែកទៅកូរ៉េខាងត្បូង

ការស្ទង់មតិរួមគ្នាមួយបានបង្ហាញថា ក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេនៅលើពិភពលោកកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបណ្តាក់ទុននៅប្រទេសចិន និងឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ