យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod និងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់ថៃ កាលពីថ្ងៃទី១១ ខែឧសភា បានឱ្យដឹងថា ខេត្តទាំង៤ ដែលត្រូវបានកូរ៉េខាងត្បូងហាមឃាត់ការនាំចូលកម្មករ រួមមានខេត្តអ៊ុដនថានី, ខនគែន, ឆៃយ៉ាភូម និងម៉ាហាសារ៉ាខាម។ ការហាមឃាត់នេះមានសុពលភាពរហូតដល់ដាច់ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងរកឃើញថា ពលករថៃ ដែលត្រូវបានបញ្ជូនទៅក្រោមអនុស្សរណៈយោគយល់សម្រាប់វិស័យកសិកម្ម និងនេសាទ បានរំលោភកិច្ចសន្យាដោយការរត់គេចខ្លួន។ មន្ត្រីក្រសួងការងារថៃ បានបញ្ជាក់ថា បញ្ហានេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កូតាពលករសរុបរបស់ថៃសម្រាប់ឆ្នាំ២០២៦ នេះ។
គួរកត់សម្គាល់ថា កាលពីឆ្នាំ២០២៥ មានពលករថៃ សរុបប្រមាណជាង១៨ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្នុងនោះមានពលករស្របច្បាប់តែជិត៥ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលពលករខុសច្បាប់ ឬពលករលួចលាក់មានរហូតដល់ជាង១៣ម៉ឺននាក់។
ទោះបីជាបច្ចុប្បន្ន ថៃ នៅតែបន្តបញ្ជូនពលករទៅកាន់កូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែទាំងអ្នកទេសចរ និងពលករជំនាញកំពុងប្រឈមនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់អាជ្ញាធរអន្តោប្រវេសន៍កូរ៉េខាងត្បូង ដែលជាហេតុនាំឱ្យមានការបដិសេធមិនឱ្យចូលប្រទេសក្នុងកម្រិតខ្ពស់គួរឱ្យកត់សម្គាល់៕
អត្ថបទៈ សួន ឡង់ទី